- សិប្បកម្មឡឥដ្ឋ «ថ្មទិព្វ» នៅស្ទឹងត្រែង រងការរិះគន់ជុំវិញការសង្ស័យប្រមូលទិញឈើព្រៃដុតឡ ខណៈមន្ត្រីជំនាញថា នឹងចុះពិនិត្យ បើរកឃើញបទល្មើសនឹងអនុវត្តតាមច្បាប់..!!

ខេត្តស្ទឹងត្រែង៖ សិប្បកម្មឡឥដ្ឋមួយកន្លែងដែលមានយីហោ «ថ្មទិព្វ» ស្ថិតនៅតំបន់គីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កំពុងរងការរិះគន់ពីប្រជាពលរដ្ឋ និងប្រភពក្នុងមូលដ្ឋាន ជុំវិញការសង្ស័យថា បានប្រមូលទិញឈើព្រៃចម្រុះ ដើម្បីប្រើប្រាស់ជាឥន្ធនៈដុតឡផលិតឥដ្ឋ សម្រាប់ធ្វើអាជីវកម្មជាប្រចាំ។តាមប្រភពព័ត៌មាន បានអះអាងថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ គេប្រទះឃើញរថយន្តកាឡេថងចំនួន ៧គ្រឿង ដឹកជញ្ជូនឈើស្រស់ៗជាបន្តបន្ទាប់ តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ប្រភពដដែលបន្តថា ឈើដែលដឹកនោះមានប្រភេទដូចជា ផ្ចឹក សុក្រម និងខ្លុងត្រាចជាដើម ហើយត្រូវបានដឹកចូលទៅកាន់សិប្បកម្មឡឥដ្ឋ «ថ្មទិព្វ» ដើម្បីប្រើសម្រាប់ដុតឡ។ ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើឆ្លងកាត់សង្កាត់សាមគ្គី អ្នកសារព័ត៌មានបានទាក់ទងទៅលោក តាត សាវតី នាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី ដើម្បីសុំការបំភ្លឺ។ ប៉ុន្តែបន្ទាប់ពីទទួលទូរស័ព្ទ និងដឹងថាជាអ្នកសារព័ត៌មាន លោកបានបិទទូរស័ព្ទភ្លាមៗ ដោយមិនផ្តល់ការបកស្រាយឡើយ។ ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់សិប្បកម្មខាងលើមានឈ្មោះ ញឹម បូណា ជាមន្ត្រីចូលនិវត្តន៍នៃកងយោធពលខេមរភូមិន្ទ។
ជុំវិញការលើកឡើងខាងលើ លោក ញឹម បូណា បានផ្តល់បទសម្ភាសន៍នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា លោកទិញឈើចម្រុះក្នុងតម្លៃពី ៨ម៉ឺន ទៅ ១០ម៉ឺនរៀល ក្នុងមួយកាឡេថង។ លោកអះអាងថា ឈើភាគច្រើនជាដើមស្វាយចន្ទី និងដើមកៅស៊ូ ប៉ុន្តែទទួលស្គាល់ថា មានឈើព្រៃលាយឡំខ្លះដែរ ដែលជាឈើប្រជាពលរដ្ឋកាប់ចេញពីកន្ទុយដីស្រែចម្ការ។ លោកក៏បានអះអាងថា មានឈើខ្លះទៀតទទួលបានពីការកាប់សម្អាតក្រោមបង្គោលខ្សែបញ្ជូនអគ្គិសនីរបស់គម្រោងវារីអគ្គិសនី។
លោកបន្ថែមថា សិប្បកម្មឡឥដ្ឋរបស់លោកបានដំណើរការអស់រយៈពេលជាង ១០ឆ្នាំមកហើយ។
ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ទោ អ៊ីវ ចិន្ដា អធិការនគរបាលក្រុងស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ថា ករណីនេះស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ ហើយបានណែនាំឱ្យសាកសួរទៅកាន់មន្ត្រីជំនាញផ្ទាល់។ ដោយឡែក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ជាតិ បានបញ្ជាក់ថា ប្រសិនបើការត្រួតពិនិត្យរកឃើញថា មានការដឹកជញ្ជូន ឬប្រើប្រាស់ឈើព្រៃខុសច្បាប់ពិតប្រាកដ មន្ត្រីជំនាញនឹងចាត់វិធានការបង្ក្រាប និងអនុវត្តតាមច្បាប់ដោយមិនលើកលែងឡើយ។
បច្ចុប្បន្ន សាធារណជនកំពុងរង់ចាំការចុះត្រួតពិនិត្យ និងការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីបំភ្លឺការពិត និងអនុវត្តច្បាប់ចំពោះអ្នកពាក់ព័ន្ធ ប្រសិនបើការស៊ើបអង្កេតរកឃើញថា មានបទល្មើសពិតប្រាកដ៕រាយការណ៍ពីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយ៖ នាគមាស
