សង្ស័យមានការលួចបន្លំប្តូរសំបកបាវស្ករសរាប់សិបតោន នាំចេញទៅវៀតណាម តាមច្រកសំរោង ខេត្តស្វាយរៀង!


(ខេត្តស្វាយរៀង)៖ មានការទម្លាយព័ត៌មានជាបន្តបន្ទាប់មកថា មានសកម្មភាពមិនប្រក្រតីមួយបានកើតឡើង ដោយក្រុមឈ្មួញបាននាំយកទំនិញស្ករសជាច្រើនតោន មកធ្វើការប្តូរសំបកបាវ រួចដឹកជញ្ជូនបន្តយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់តាម ច្រកទ្វារសំរោង ស្រុកចន្ទទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ នេះ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា សកម្មភាពប្តូរសំបកបាវទំនិញនេះ ត្រូវបានគេសង្ស័យថា ជាល្បិចកលបន្លំភ្នែកសមត្ថកិច្ច និងបំប្លែងប្រភពដើមនៃទំនិញ ដើម្បីងាយស្រួលក្នុងការរត់ពន្ធឆ្លងដែនទៅកាន់ប្រទេសជិតខាង ក្នុងរូបភាពខុសច្បាប់។
ជុំវិញករណីសង្ស័យខាងលើនេះ អង្គភាពព័ត៌មានយើងខ្ញុំ ពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់បាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយនេះ។
⚠️ ការរំលឹកពីបទបញ្ជាថ្នាក់ដឹកនាំ៖
ពាក់ព័ន្ធនឹងបញ្ហាទំនិញគេចពន្ធ ឬទំនិញដែលនាំចូលដោយខុសច្បាប់នានាពីប្រទេសជិតខាង សម្ដេចប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានសង្កត់ធ្ងន់ និងចាត់ទុកថា សកម្មភាពទាំងនេះគឺជា «ទំនិញប្រមាថជាតិ» ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងទាមទារឱ្យមានការបង្ក្រាបជាដាច់ខាត។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋាននានា បានសម្តែងការបារម្ភ និងសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ នឹងមេត្តាពិនិត្យ ស្រាវជ្រាវ និងមានវិធានការច្បាប់ចំពោះករណីខាងលើនេះ ដើម្បីធានាបាននូវតម្លាភាព ព្រមទាំងទប់ស្កាត់រាល់បទល្មើសសេដ្ឋកិច្ចតាមបន្ទាត់ព្រំដែនឱ្យមានប្រសិទ្ធភាពខ្ពស់៕
