ផ្ទុះការរិះគន់! រឿងអាស្រូវអធិការរងក្រុងប៉ោយប៉ែត រងការចោទប្រកាន់ថា ដកហូតឡានទំនើបជនជាតិឥណ្ឌូណេស៊ី យកទៅជិះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
ក្រុងប៉ោយប៉ែត៖ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ជុំវិញករណីចោទប្រកាន់ទៅលើលោក រ៉េន សុភ័ក្តិ អធិការរងនគរបាលក្រុងប៉ោយប៉ែត ថាបានដកហូតរថយន្តទំនើបមួយគ្រឿងរបស់ជនជាតិឥណ្ឌូណេស៊ី យកទៅជិះជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំងដែលរថយន្តនោះមិនមានពាក់ព័ន្ធបទល្មើសអ្វីទាំងអស់។
យោងតាមប្រភពព័ត៌មានដែលត្រូវបានទម្លាយ និងចែករំលែកដោយលោក ផៃ វណ្ណៈ បានឱ្យដឹងថា រថយន្តដែលត្រូវគេដកហូតយកទៅប្រើប្រាស់នោះ ម៉ាក Ford Mustang ពណ៌ក្រហម ផលិតឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2BS-6371 ជាកម្មសិទ្ធិរបស់ជនជាតិឥណ្ឌូណេស៊ីឈ្មោះ VALANTINO MICELLIM។
អ្វីដែលធ្វើឱ្យមហាជនកាន់តែមានការសង្ស័យ និងចោទជាសំនួរនោះគឺ ការដកហូតរថយន្តនេះត្រូវបានគេរាយការណ៍ថា មិនបានធ្វើកំណត់ហេតុផ្លូវការ ឬរៀបចំរបាយការណ៍បញ្ជូនទៅកាន់តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធីនោះឡើយ។ បច្ចុប្បន្ន ម្ចាស់រថយន្តកំពុងរៀបចំពាក្យបណ្តឹងផ្លូវការរាយការណ៍ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីស្វែងរកយុត្តិធម៌ និងស្នើសុំយកទ្រព្យសម្បត្តិរបស់ខ្លួនត្រឡប់មកវិញ។
ប្រភពដដែលបានកត់សម្គាល់ថា ករណីសមត្ថកិច្ចមួយចំនួនតូចដកហូតរថយន្ត ឬទ្រព្យសម្បត្តិរបស់អ្នកដទៃ យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ មិនមែនកើតឡើងតែនៅក្រុងប៉ោយប៉ែតនោះទេ ដោយកន្លងមកនៅខេត្តព្រៃវែង ក៏ធ្លាប់មានករណីដកហូតរថយន្តម៉ាក Mercedes របស់ប្រជាពលរដ្ឋ ដោយគ្មានការធ្វើកំណត់ហេតុ ឬបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងដូចគ្នាផងដែរ។
មហាជន និងអ្នកតាមដានសង្គមបានលើកជាសំណួរយ៉ាងក្តៅគគុកថា៖
ប្រសិនបើរថយន្តទាំងនោះពិតជាមានពាក់ព័ន្ធនឹងបទល្មើសមែន ហេតុអ្វីសមត្ថកិច្ចជំនាញមិនកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់?
ហេតុអ្វីបានជាយកវត្ថុតាង ឬទ្រព្យសម្បត្តិដែលដកហូតបាន មក្សាទុក និងប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ?
ករណីនេះកំពុងរង់ចាំការបកស្រាយ និងការបញ្ជាក់ឱ្យបានច្បាស់លាស់ពីខាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាសាមីខ្លួន ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន និងធានានូវភាពស្អាតស្អៀមនៃវិជ្ជាជីវៈកងកម្លាំងមានសមត្ថកិច្ច៕
សម្រួល និងរៀបរៀងអត្ថបទដោយ៖ មួន រិទ្ធីយ៉ា (អ្នកប្រម៉ាញ់ជាយដែន)
ប្រភពដើម៖ ការបង្ហោះផ្លូវការរបស់លោក ផៃ វណ្ណៈ
អង្គភាពសារព័ត៌មាន៖ គេហទំព័រ នាគមាស ញ៉ូស៍ (Neak Meas News)
ទំនាក់ទំនងផ្តល់ព័ត៌មាន និងផ្សាយពាណិជ្ជកម្ម៖ 012 642 454 / 097 700 9095
