កម្លាំងគយចល័តសហការបង្ក្រាបឃ្លាំងស្តុកបារីគេចពន្ធខុសច្បាប់ដ៏ធំមួយកន្លែងនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង រឹបអូសបានបារីគ្មានពន្ធជាង ៣ ម៉ឺនសុង!

ស្វាយរៀង៖ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្លាំងគយចល័តនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត (អនុប្រធាននាយកដ្ឋានបង្ក្រាបបទល្មើសទូទាំងប្រទេស) បានសហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបជាក់ស្តែងនៅទីតាំងឃ្លាំងស្តុកបារីគេចពន្ធមួយកន្លែង ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង (ចំណុចជាប់ព្រំដែនកម្ពុជា-វៀតណាម)។
នៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកនេះ មានការចូលរួមសហការយ៉ាងស្អិតរមួតពី៖
កម្លាំងយោធាការពារព្រំដែន ២៣២ ខេត្តស្វាយរៀង
កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តស្វាយរៀង
ការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត
ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ជាលទ្ធផល ក្រោយការឆែកឆេរយ៉ាងម៉ត់ចត់ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបារីគេចពន្ធ (គ្មានបិទត្រាពន្ធគយ) សរុបចំនួន ៦០០ ប៊ិច (ស្មើនឹង ៣៦,០០០ សុង) រួមមាន៖
បារីម៉ាក JPS (Taiwan) ចំនួន ៣១២ កេស (ស្មើនឹង ១៨,៧២០ សុង)
បារីម៉ាក B&H (UK) ចំនួន ១៨៦ កេស (ស្មើនឹង ១១,១៦០ សុង)
បារីម៉ាក Winfield Original Classic (Indonesia) ចំនួន ១០២ កេស (ស្មើនឹង ៦,១២០ សុង)
បច្ចុប្បន្ន វត្ថុតាងបារីខុសច្បាប់ទាំងអស់ត្រូវបានអាជ្ញាធរដឹកជញ្ជូនយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅឃ្លាំងការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។
កិច្ចប្រតិបត្តិការនេះស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពរត់ពន្ធខុសច្បាប់គ្រប់ប្រភេទ ដើម្បីការពារចំណូលថវិការដ្ឋ និងធានាបាននូវការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
#គេហទំព័រធីតានាគមាស #ទទួលផ្សព្វផ្សាយព័ត៌មាន #ព័ត៌មានក្នុងសង្គមប #ព័ត៌មានបានជាយដែន
