តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ ក្នុងច្រកបន្ទាយចក្រី ខេត្តព្រៃវែង បន្តបើកដំណើរការយ៉ាងរលូន!
ខេត្តព្រៃវែង៖ យោងតាមវីដេអូឃ្លីបចុះផ្សាយកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញពីសកម្មភាពបើកលេងល្បែងស៊ីសងយ៉ាងចំហ រួមមាន៖ អាលីជល់មាន់ ហ្គេមបាញ់ត្រី និងល្បែងស៊ីសងផ្សេងៗទៀត នៅចំនុចច្រកបន្ទាយចក្រី ក្នុងខេត្តព្រៃវែង។
នៅក្នុងទីតាំងនោះ គេសង្កេតឃើញមានមនុស្សម្នាជាច្រើនចូលរួមលេង និងភ្នាល់ ព្រមទាំងមានការឡាយ (Live) ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងកុំព្យូទ័រយ៉ាងមានរៀបរយ។ លើសពីនេះ ទីតាំងនោះមិនបានបង្ហាញអាជ្ញាប័ណ្ណ ឬឯកសារច្បាប់អនុញ្ញាតត្រឹមត្រូវ តាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នោះឡើយ។
មហាជន និងប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះល្បែងស៊ីសងតែងតែជាដើមហេតុនាំឲ្យកើតមានអំពើចោរកម្ម អំពើហិង្សា និងការបែកបាក់គ្រួសារ។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមការងារព័ត៌មានបានទាក់ទងទៅ លោក ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីសុំការបកស្រាយ ប៉ុន្តែលោកបានបញ្ជាក់ថា កំពុងជាប់រវល់ប្រជុំ និងរង់ចាំការទាក់ទងមកវិញនៅពេលក្រោយ។
មហាជនរង់ចាំមើលថា តើអាជ្ញាធរខេត្តព្រៃវែង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងមានវិធានការផ្លូវច្បាប់យ៉ាងណា លើទីតាំងល្បែងស៊ីសងមួយនេះ?
រាយការណ៍ដោយ៖ មួន រិទ្ធីយ៉ា (អ្នកប្រម៉ាញ់ជាយដែន)
ទំនាក់ទំនងព័ត៌មាន៖ 012 642 454 / 097 700 9095
