តុលាការខេត្តកោះកុង សម្រេចឃុំខ្លួននគរបាល ៣នាក់ និងអ្នកបកប្រែម្នាក់ ករណីគប់គិតឱ្យជនជាតិចិន ២នាក់ លួចរត់ចេញពីស្នងការដ្ឋាន!
កោះកុង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់
សាលាដំបូងខេត្តកោះកុង បានឱ្យដឹងថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ៤នាក់ (នគរបាល ៣នាក់ និងអ្នកបកប្រែម្នាក់) ពាក់ព័ន្ធនឹងបទល្មើស «ផ្តល់មធ្យោបាយសម្រួលឱ្យលួចរត់ និងទទួលដោយខុសច្បាប់» ក្រោយពីបានគប់គិតជួយជនជាតិចិន ពីរនាក់ឱ្យលួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្តកោះកុង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។
អត្តសញ្ញាណជនត្រូវចោទទាំង ៦នាក់ រួមមាន៖
១. ឈ្មោះ XU FENG (ប្រុស, កើតឆ្នាំ១៩៧៨, ជនជាតិចិន) – ត្រូវចោទពីបទ «លួចរត់» (គេចខ្លួន)
២. ឈ្មោះ BI RUI (ប្រុស, កើតឆ្នាំ១៩៩១, ជនជាតិចិន) – ត្រូវចោទពីបទ «លួចរត់» (គេចខ្លួន)
(បញ្ជាក់៖ ជនជាតិចិនទាំង ២នាក់នេះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនមកវិញបានហើយ ដោយម្នាក់ចាប់បាននៅខេត្តព្រះសីហនុ និងម្នាក់ទៀតចាប់បាននៅខេត្តត្បូងឃ្មុំ)
៣. ឈ្មោះ សារ៉ាតឌី ដេឆា (ប្រុស, កើតឆ្នាំ១៩៩៨, ជនជាតិខ្មែរ) – ត្រូវចោទពីបទ «ផ្តល់មធ្យោបាយសម្រួលឱ្យលួចរត់ និងទទួលដោយខុសច្បាប់» (ឃាត់ខ្លួន)
៤. ឈ្មោះ LIN YU ហៅ ឡុង (ប្រុស, កើតឆ្នាំ២០០៣, ជនជាតិចិន – អ្នកបកប្រែ) – ត្រូវចោទពីបទដូចគ្នា (ឃាត់ខ្លួន)
៥. ឈ្មោះ ឈិ សុវណ្ណដែន (ប្រុស, កើតឆ្នាំ១៩៩៨, ជនជាតិខ្មែរ) – ត្រូវចោទពីបទដូចគ្នា (ឃាត់ខ្លួន)
៦. ឈ្មោះ តុងស៊ី ម៉េងជូ (ប្រុស, កើតឆ្នាំ២០០២, ជនជាតិខ្មែរ) – ត្រូវចោទពីបទដូចគ្នា (ឃាត់ខ្លួន)
សង្ខេបហេតុការណ៍៖
កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើស Online Scams នៅតំបន់តារាសាស្ត្រ ដោយចាប់ខ្លួនជនជាតិចិនជាង ១០០នាក់ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ជនជាតិចិន ២នាក់ដែលជាមុខសញ្ញាសំខាន់ (XU FENG និង BI RUI) បានលួចរត់បាត់ ក្រោមការត្រូវរ៉ូវ និងទទួលបានមធ្យោបាយសម្រួលពីមន្ត្រីនគរបាល និងអ្នកបកប្រែ។
ក្នុងប្រតិបត្តិការស្រាវជ្រាវ សមត្ថកិច្ចបានដកហូតវត្ថុតាងជារថយន្តចំនួន ៤គ្រឿង ពីជនត្រូវចោទទាំងនោះផងដែរ។
បច្ចុប្បន្ន សាលាដំបូងខេត្តកោះកុង បាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើករណីនេះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕
#កោះកុង #KohKong #OnlineScams #ព័ត៌មានទាន់ហេតុការណ៍
