ក្រុមឈ្មួញនៅតែបន្តលួចនាំទំនិញពីថៃចូលកម្ពុជា មិនញញើតច្បាប់ ថែមទាំងប្រើប្រាស់គ្រឿងញៀនទៀត!

[ខេត្តបន្ទាយមានជ័យ: ទោះបីជាមានការណែនាំ និងព្រមានយ៉ាងម៉ឺងម៉ាត់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញមួយចំនួននៅតែមានគំនិតមានះ មិនខ្លាចរអា ច្បាប់ ក្នុងការលួចនាំទំនិញគេចពន្ធឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។
ជាក់ស្តែង នៅវេលាម៉ោង ២០:២៥ នាទី យប់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៦ នេះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ ដឹកនាំដោយលោកអភិបាលស្រុក ក្នុងសកម្មភាពចុះល្បាតរួមគ្នាជាមួយយោធាកងពលតូចថ្មើរជើងលេខ ៥១ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងវត្ថុតាងទំនិញឆ្លងដែនខុសច្បាប់ ស្ថិតក្នុងភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ៖ ឈ្មោះ ស្រី សម្ផស្ស ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យក
ម្សៅទឹកដោះគោឆុងកូនក្មេង ម៉ាក DUPRO ចំនួន ២១ កេស (ស្មើនឹង ២៥២ កញ្ចប់តូច) កំប៉ុងឆុងទឹកដោះគោកូនក្មេង ចំនួន ០១ កេស ម៉ូតូរ៉ឺម៉កកង់បី ចំនួន ០១ គ្រឿង (មធ្យោបាយដឹកជញ្ជូន)ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
ការសារភាពរបស់ជនសង្ស័យ៖
ក្រោយការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានស៊ីឈ្នួលដឹកអីវ៉ាន់ឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជាចំនួន ៣ លើក មកហើយ ឲ្យឈ្មោះ ចិន និងប្រពន្ធឈ្មោះ ណប់ (រស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ជិតផ្ទះរបស់ខ្លួន)។
អ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀតនោះ ជនសង្ស័យក៏បានទទួលស្គាល់ផងដែរថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀន (ថ្នាំញៀន) ទៀតផង។
បច្ចុប្បន្ន ទាំងជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែងឡើយ។
បងប្អូនប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ និងរាយការណ៍រាល់បទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមយើងទាំងអស់គ្នា!
