ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅវិទ្យាល័យស្ទឹងត្រែង ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ បរិយាកាសល្អ
ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃចន្ទ ទី៦
ខែកក្កដា ឆ្នាំ២០២៦ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)នៅមណ្ឌលវិទ្យាល័យស្ទឹងត្រែង ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ សុវត្ថិភាព តម្លាភាព បរិយាកាសល្អ និងភាពទទួលខុសត្រូវខ្ពស់ ស្របតាមបទប្បញ្ញត្តិ និងនីតិវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បេក្ខជន ដែលបានចូលរួមប្រឡង មានចំនួន ១៣២ នាក់ ស្រី ចំនួន ៦២ នាក់ ។ ដោយមានការអញ្ចើញចូលរួម ពីរសំណាក់ លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង ជាគណៈអធិបតី ដើម្បីត្រួតពិនិត្យ មណ្ឌលប្រឡង និង កាត់ប្រអប់វិញ្ញាសារ ដោយមានការចូលរួម លោកចៅ សង្កាត់ ស្រះប្ញស្សី ព្រមទាំង លោកគ្រូ អ្នកគ្រូ ដែលជាអនុរក្ស ជាច្រើនរូបក្នុងការ តាមដាននូវប្រឡង ដើម្បីទទួលបានយុត្តិធម៍។
យើងសង្កេតមើលឃើញថា តាំងពីព្រឹកព្រលឹម បេក្ខជនបានរួសរាន់ មកដល់មណ្ឌលប្រឡង ទាន់ពេលវេលា និងបានឆ្លងកាត់ការត្រួតពិនិត្យ ឯកសារ អត្តសញ្ញាណ និងសម្ភារតាមនីតិវិធី មុនចូលបន្ទប់ប្រឡង ជៀសវាងមានភាពមិនក្រតីនៅពេលប្រឡង។ គណៈមេប្រយោគ គណៈកម្មការ អនុរក្ស និងមន្ត្រីពាក់ព័ន្ធ បានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ សហការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ និងមានប្រសិទ្ធភាព។ ប្រកបដោយបរិយាកាសនៅក្នុងមណ្ឌលប្រឡង មានភាពស្ងប់ស្ងាត់ និងរៀបរយ។
លោកលី មីណា អភិបាលក្រុងស្ទឹងត្រែងបានឲ្យដឹងថា: បេក្ខជនទាំងអស់បានគោរពបទបញ្ជាផ្ទៃក្នុង និងខិតខំប្រឹងប្រែងបំពេញវិញ្ញាសា ទៅតាមចំណេះដឹង និងសមត្ថភាពរបស់ខ្លួន។ ទន្ទឹមនឹងនេះ មាតាបិតា អាណាព្យាបាល និងសាធារណជន បានចូលរួមសហការរក្សាសណ្តាប់ធ្នាប់ នៅខាងក្រៅមណ្ឌលប្រឡង ដោយគោរពតាមការណែនាំរបស់គណៈកម្មការមណ្ឌលប្រឡង។
លោកបន្តថា: ការរៀបចំមណ្ឌលប្រឡងត្រូវបានអនុវត្ត យ៉ាងម៉ត់ចត់ ដោយមានការរៀបចំបន្ទប់ប្រឡង សម្ភារៈ និងបេក្ខជនឲ្យអង្គុយ ដោយគម្លាតពីរគ្នា ប្រកបដោយភាពរីករាយ។ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ក៏បានសហការគ្នាយ៉ាងល្អ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនបេក្ខជនបេក្ខនារី នៅពេលដំណើរការប្រឡង។
សូមរំលឹកថា: ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ គឺជាការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សានុសិស្ស បន្ទាប់ពីបានបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ និងជាមូលដ្ឋានសម្រាប់ការ បន្តការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ។ ជាមួយនឹងការចូលរួមប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ការប្រឡងនៅមណ្ឌលវិទ្យាល័យស្ទឹងត្រែង។ បានប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់» ដែលផ្តោតលើគុណភាព យុត្តិធម៌ តម្លាភាព និងភាពស្មោះត្រង់ ក្នុងការវាយតម្លៃលទ្ធផល សិក្សារបស់បេក្ខជននិមួយៗ។ អត្ថបទដោយ: (មាស សុផាត)
