ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ដឹកនាំកម្លាំងជំនាញកោសលវិច័យចុះត្រួតពិនិត្យផ្ទះវីឡា០១កន្លែង ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រោយពីកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាប រកឃើញសម្ភារៈពាក់ព័ន្ធការលបលួចប្រព្រឹត្តបទល្មើស

ប៉ោយប៉ែត៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ដឹកនាំកម្លាំងជំនាញកោសលវិច័យចុះត្រួតពិនិត្យផ្ទះវីឡា០១កន្លែង ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រោយពីកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាប រកឃើញសម្ភារៈពាក់ព័ន្ធការលបលួចប្រព្រឹត្តបទល្មើសឆបោ កតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយក្រុមការងារ ស្រាវជ្រាវ និងស៊ើបអង្កេត នៃគណៈកម្មាការ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមានការសម្របសម្រួលពី​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យផ្ទះវីឡា ០១កន្លែង ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រោយពីកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាប រកឃើញសម្ភារៈពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនធំ។ ការចុះត្រួតពិនិត្យ និងធ្វើកោសលវិច័យឡើងវិញនេះ ដើម្បីពិនិត្យ និងប្រមូលភស្តុតាងបន្ថែម ឈានដល់ការកសាងសំណុំរឿង និងស្រាវជ្រាវរកជនសង្ស័យពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់។

សូមជម្រាបជូនថា កន្លងមកកម្លាំង នៃគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមអង្កេតការណ៍ពីក្រុមការងារចម្រុះ នៃលេខាធិការដ្ឋាន គ.ប.ឆ.ប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន និង លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំង ខាងលើ ដែលសង្ស័យមានជនបរទេសរស់ នៅប្រមូលផ្តុំ លបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែនៅពេលសមត្ថកិច្ចទៅដល់ ក្រុមជនសង្ស័យបានរត់ គេចខ្លួនអស់ បន្សល់ទុកនូវសម្ភារៈពាក់ព័ន្ធប្រព្រឹត្តបទល្មើស រួមមានដូចជា៖ ទូរស័ព្ទដៃចំនួន២៤៥គ្រឿង, Laptop២គ្រឿង, កុំព្យូទ័រ (All in one) ៦៥គ្រឿង, Ipad ៤០គ្រឿង, CPU១៤គ្រឿង, លិខិតឆ្លងដែនជនបរទេស, កាតការងារកម្ពុជា, កាតធនាគារបរទេស និងសម្ភារៈឯកសារជនបរទេសមួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងធ្វើកោសលវិច័យ ស្រាវជ្រាវលើវត្ថុតាងសម្ភារៈទាំងនោះ និងកំពុងស្វែងរកម្ចាស់ទីតាំង ដើម្បីចូលមកបំភ្លឺដល់សមត្ថកិច្ច ឈានដល់ស្នើសុំកិច្ចសហប្រតិបត្តិការជាអន្តរជាតិផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *