ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរ ១នាក់ និងឡាវ ៣នាក់) រកឃើញថ្នាំ WY និងអាវុធកែច្នៃមួយចំនួន
ខេត្តព្រះវិហារ ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន និងអាវុធកែច្នៃមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ជួន ទៀ ក្នុងភូមិសួង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ។
ជនសង្ស័យទាំង ៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖
១. ឈ្មោះ ជួន ទៀ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រស់នៅទីតាំងកើតហេតុ)។
២. ឈ្មោះ ស៊ូលីយ៉ាក់ចាក់ លឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ (រស់នៅភូមិស្រឡៅស្រោង ឃុំណាឌី ស្រុកមឿងម៉ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ)។
៣. ឈ្មោះ សូទីថន ពើម ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ (រស់នៅភូមិបានញ៉ាង ឃុំណាឌី ស្រុកមឿងម៉ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ)។
៤. ឈ្មោះ ចាន់ឌី មឿង (ហៅឌី) ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ (រស់នៅភូមិបានញ៉ាង ឃុំណាឌី ស្រុកមឿងម៉ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ)។
វត្ថុតាង និងសម្ភារចាប់យកបានរួមមាន ៖
ថ្នាំញៀនគ្រាប់ប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៧៧៤គ្រាប់
ម៉ូតូ ២គ្រឿង និងទូរស័ព្ទដៃ ៣គ្រឿង
អាវុធកែច្នៃ ៣ដើម និងដាវស្រួច ២ដើម
គ្រាប់អាខេ (AK-47) ចំនួន ៨គ្រាប់ និងគ្រាប់កាជីប ២៨គ្រាប់
ឧបករណ៍ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រាយការណ៍ដោយ ៖ មួន រិទ្ធីយ៉ា (អ្នកប្រម៉ាញ់ជាយដែន)
ទំនាក់ទំនងព័ត៌មាន ៖ 012 642 454 / 097 700 9095
