ប្រជាពលរដ្ឋរិះគន់៖ ទីតាំងល្បែងស៊ីសងជល់មាន់ និងយូគីខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកពញាក្រែក តើអាជ្ញាធរមានដឹងដែរឬទេ?

#ខេត្តត្បូងឃ្មុំ | ប្រជាពលរដ្ឋរិះគន់៖ ទីតាំងល្បែងស៊ីសងជល់មាន់ និងយូគីខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកពញាក្រែក តើអាជ្ញាធរមានដឹងដែរឬទេ?

ខេត្តត្បូងឃ្មុំ៖ យោងតាមប្រភពព័ត៌មាន និងរូបភាពជាច្រើនសន្លឹកដែលកំពុងត្រូវបានចែកចាយតៗគ្នាពីបណ្តាញសារព័ត៌មាននានា បានបង្ហាញឱ្យឃើញពីសកម្មភាពប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនរបស់ក្រុមអ្នកលេងល្បែងស៊ីសង ទាំងជល់មាន់ និងល្បែងយូគី យ៉ាងហូរហែ និងហ៊ោរកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ ដោយមិនមានការកោតក្រែង ឬខ្លាចញញើតចំពោះច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចទាល់តែសោះ ដែលទីតាំងនេះត្រូវបានគេដឹងថា ស្ថិតនៅពពេលឃុំធ្លកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សកម្មភាពបើកល្បែងស៊ីសងដ៏ធំខុសច្បាប់នេះ កំពុងតែធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាសន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងមានការងឿងឆ្ងល់ផងដែរថា៖ «តើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអធិការស្រុកពញាក្រែក បានដឹងឮ ឬមានវិធានការចំពោះបញ្ហានេះដែរឬទេ?»។

ពាក់ព័ន្ធនឹងការបើកទីតាំងល្បែងស៊ីសងដែលកំពុងតែបំផ្លាញទំនុកចិត្ត និងភូមិ-ឃុំមានសុវត្ថិភាពរបស់ប្រជាពលរដ្ឋនេះ ក្នុងនាមជាទសិករព័ត៌មាន និងជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពរាយការណ៍ និងសំណូមពរយ៉ាងទទូចជូនដល់៖

ឯកឧត្តមប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ

លោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ

លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

សូមមេត្តាជួយចាត់កម្លាំងជំនាញ ចុះពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ ដើម្បីដឹងថា តើមានបុគ្គលណាខ្លះនៅពីក្រោយខ្នងនៃការបើកទីតាំងល្បែងស៊ីសងខុសច្បាប់នេះ? ឬមួយក៏អាជ្ញាធរថ្នាក់ក្រោមធ្វើមិនដឹងមិនឮ ព្រោះតែផលប្រយោជន៍បុគ្គល?

ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំខេត្ត ដើម្បីវែកមុខអ្នកកាងទីតាំងល្បែងនេះ និងដើម្បីការពារសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។

 

Leave a Reply

Your email address will not be published. Required fields are marked *