កម្លាំងនគរបាលការពារព្រំដែនគោក ទប់ស្កាត់ការលួចនាំយកគ្រឿងសម្អាងចម្រុះចំនួន ១៣កេះ ឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

កម្លាំងនគរបាលការពារព្រំដែនគោក ទប់ស្កាត់ការលួចនាំយកគ្រឿងសម្អាងចម្រុះចំនួន ១៣កេះ ឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ
​ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ សហការជាមួយកងកម្លាំងស្ថាប័នពាក់ព័ន្ធក្នុងស្រុក បានចុះទប់ស្កាត់ និងបង្ក្រាបករណីលួចនាំទំនិញខុសច្បាប់ឆ្លងដែនបានទាន់ពេលវេលា។
​យោងតាមប្រភពពីកងកម្លាំងបានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ លី ស៊ាងយ៉ាង មេបញ្ជាការរងទទួលដឹកនាំការងារប៉ុស្តិ៍ ដោយបានចុះទប់ស្កាត់ការលួចនាំយកគ្រឿងសម្អាងចម្រុះចំនួន ១៣កេះ ដែលឈ្មួញបម្រុងលួចនាំយកឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រង់ចំណុចនិយាមកា TA 14497 01965 ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
​ក្រោយការទប់ស្កាត់ វត្ថុតាង និងករណីខាងលើ ត្រូវបានប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលម៉ាឡៃ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
​កងកម្លាំងសមត្ថកិច្ចយើងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទតាមបណ្តោយបន្ទាត់ព្រំដែន ដើម្បីរក្សាសន្តិសុខ សណ្ដប់ធ្នាប់។

Leave a Reply

Your email address will not be published. Required fields are marked *