
ខេត្តតាកែវ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ រួមជាមួយក្រុមអាជីវករ បានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំង និងបានបកអាក្រាតអំពីទង្វើមិនប្រក្រតីរបស់លោក វរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ដែលបានប្រើប្រាស់តួនាទី និងអំណាចដឹកនាំបែបបក្ខពួកនិយម ដើម្បីប្រមូលផលប្រយោជន៍បុគ្គល និងគ្មានការខ្វល់ខ្វាយពីថវិកាជាតិនោះឡើយ។
ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែន និងអាជីវករបានឱ្យដឹងថា លោក ឈួន សុវណ្ណនរា បានដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិល ឱ្យចាំប្រមូលលុយ «លើតុ ក្រោមតុ» ពីក្រុមឈ្មួញតូចធំ ទាំងយប់ទាំងថ្ងៃ ជាថ្នូរនឹងការបើកដៃឱ្យនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ផ្សេងៗ ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា។ ប្រសិនបើឈ្មួញ ឬអាជីវករណាមិនបង់លុយតាមការកំណត់របស់លោកនាយប៉ុស្តិ៍ទេនោះ ទំនិញទាំងនោះដាច់ខាតមិនអាចឆ្លងដែនបានឡើយ ហើយក៏គ្មាននរណាហ៊ានតវ៉ាដែរ។
ការរំលោភលើបទដ្ឋានគតិយុត្តិ និងភារកិច្ចសមត្ថកិច្ច៖
តាម អនុក្រឹត្យលេខ ១៨៤ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ត្រីនគរបាលអន្តោប្រវេសន៍មានភារកិច្ចចម្បងក្នុងការគ្រប់គ្រង កួតពិនិត្យការចេញ-ចូលរបស់មនុស្ស យានយន្ត និងសហការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ប៉ុន្តែ សកម្មភាពរបស់នាយប៉ុស្តិ៍រូបនេះ ត្រូវបានគេមើលឃើញថា កំពុងរំលោភលើបទដ្ឋានគតិយុត្តិ និងច្បាប់ជាធរមានយ៉ាងធ្ងន់ធ្ងរ រួមមាន៖
ការរំលោភអំណាច (មាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ)៖ ការប្រើឥទ្ធិពល និងតួនាទីជាសមត្ថកិច្ចដើរប្រមូលប្រាក់ពីអាជីវករជាថ្នូរនឹងការមិនអនុវត្តច្បាប់។
បទស៊ីសំណូក (មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)៖ ការទារ ឬទទួលយកប្រាក់/ផលប្រយោជន៍ ដើម្បីរៀបចំឱ្យមានការនាំចូលទំនិញគេចពន្ធ។
បទសមគំនិត និងបើកដៃឱ្យមានបទល្មើសគេចពន្ធ (មាត្រា ៧៤ និង មាត្រា ៧៥ នៃច្បាប់ស្តីពីគយ)៖ សមត្ថកិច្ចដែលជួយសម្រួល ឬសមគំនិតឱ្យឈ្មួញនាំទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ឆ្លងដែន ត្រូវទទួលទោសទណ្ឌដូចគ្នានឹងអ្នកប្រព្រឹត្តបទល្មើសគយដែរ។
បទល្មើសតាមច្បាប់ស្តីពីអន្តោប្រវេសន៍៖ ការមិនបំពេញកាតព្វកិច្ចត្រួតពិនិត្យ ឬបើកដៃឱ្យមានការដឹកជញ្ជូនល្មើសច្បាប់ឆ្លងកាត់ច្រកទ្វារព្រំដែន។
សកម្មភាពឃុបឃិតគ្នាយ៉ាងគំហុកនេះ ត្រូវគេរាយការណ៍ថា បានប្រព្រឹត្តទៅយ៉ាងរលូន ដោយសារមានកិច្ចសហការជាប្រព័ន្ធរវាងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅច្រកទ្វារ។ ប្រភពជិតស្និទ្ធបានបង្ហើបបន្ថែមថា មូលហេតុដែលលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តបែបនេះ គឺដោយសារតែរូបលោកអាងមាន «ខ្នងបង្អែក» យ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាំជួយកាងពីក្រោយ។
ទង្វើនេះបានធ្វើឱ្យអាជីវករត្អូញត្អែរពីការជិះជាន់ និងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ចំណូលថវិកាជាតិ។ មហាជន និងមន្ត្រីស្អាតស្អៀមនៅតែរង់ចាំមើលថា តើក្រសួងមហាផ្ទៃ ឬអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងមានវិធានការស្រាវជ្រាវ និងចាត់ការផ្លូវច្បាប់ជុំវិញបណ្តឹងរាយការណ៍នេះដែរឬយ៉ាងណា?
ទំនាក់ទំនងផ្សព្វផ្សាយតាមរយៈលេខ០១២៦៤២៤៥៤,០៩៧៧០០៩០៩៥
គេហទំព័រនាគមាស
