អាជ្ញាធរកម្ពុជាបណ្តេញពលរដ្ឋថៃ ១១នាក់ចេញ និងទទួលពលរដ្ឋខ្មែរ ៣២នាក់មកកម្ពុជាវិញតាមច្រកប៉ោយប៉ែត
==========

បន្ទាយមានជ័យ៖ ក្រោមការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលពលរដ្ឋខុសច្បាប់ នៅឯច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់របស់លោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីធានាការអនុវត្តច្បាប់អន្តោប្រវេសន៍ប្រកបដោយប្រសិទ្ធភាព។
ប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ត្រូវបានសម្របសម្រួលយ៉ាងហ្មត់ចត់ដោយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប និងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោក យឿម ម៉ាន់ រួមសហការយ៉ាងសកម្មជាមួយភាគីថៃ តំណាងដោយលោកស្រី Prapharat Pinpradub ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនផងដែរ។
ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ សមត្ថកិច្ចបានអនុវត្តវិធានការជាពីរដំណាក់កាល ដាច់ដោយឡែកពីគ្នា ដោយក្នុងនោះ ភាគីកម្ពុជាបានបញ្ជូនពលរដ្ឋថៃចំនួន ១១នាក់ (ស្រី ០៥នាក់) ដែលបានអនុវត្តទោសចប់រាល់បទល្មើសលួចស្នាក់នៅខុសច្បាប់ ឱ្យវិលត្រឡប់ទៅប្រទេសខ្លួនវិញ និងទទួលបានពលរដ្ឋខ្មែរចំនួន ៣២នាក់ (ស្រី ០៧នាក់ និងកុមារ ០៣នាក់) ដែលភាគីថៃបញ្ជូនត្រឡប់មកវិញ។ ក្រោយពីទទួលបានការពិនិត្យ ផ្តល់អាហារសម្រន់ និងបំពេញបែបបទធ្វើសម្រង់សាវតា សមត្ថកិច្ចបានរៀបចំដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះយកទៅប្រគល់ជូនមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តនីតិវិធីស្របតាមគោលការណ៍ច្បាប់៕
