រលកទី២នៃវីដេអូហិង្សាក្នុងពន្ធនាគារខេត្តប៉ៃលិន៖ មហាជនចោទសួរចំៗចំពោះលោក កូវ គឿត ប្រធានពន្ធនាគារ ជុំវិញការបណ្តែតបណ្តោយឱ្យមានការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ

  • ខេត្តប៉ៃលិន៖ ករណីប្រើអំពើហិង្សាក្នុងពន្ធនាគារខេត្តប៉ៃលិន បាននិងកំពុងផ្ទុះការរិះគន់យ៉ាងក្តៅគគុកជាថ្មីម្តងទៀតនៅក្នុងបណ្តាញសង្គម គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបថ្មីៗបន្ថែមទៀត ដែលបង្ហាញពីសកម្មភាពវាយដំ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃទៅលើជនរងគ្រោះ ២ ករណីផ្សេងគ្នាបន្ថែមទៀត។
    ការបែកធ្លាយវីដេអូភាគ២នេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវីដេអូភាគទី១ ត្រូវបានផ្សព្វផ្សាយ និងមិនទាន់រំងាប់អារម្មណ៍សាធារណជននៅឡើយ។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យមហាជនរិះគន់ និងចោទសួរចំៗទៅកាន់ លោកកូវ គឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ថា តើលោកបានជ្រាបអំពីបញ្ហាអំពើហិង្សាដែលកើតឡើងម្តងជាពីរដងនេះដែរឬទេ? ឬមួយក៏លោកបានជ្រាបហើយ ប៉ុន្តែនៅតែបណ្តែតបណ្តោយឱ្យកើតមានអំពើហិង្សាដ៏ព្រៃផ្សៃនេះឡើងដដែលៗ?
    ប្រភពពីការបែកធ្លាយបានចោទប្រកាន់ថា សកម្មភាពហិង្សាក្រោមដៃក្រុមទណ្ឌិតដែលមានអំណាចទឹកប្រាក់ក្នុងពន្ធនាគារ ហាក់បីដូចជាគ្មានការកោតខ្លាចច្បាប់បន្តិចសោះឡើយ ហើយថែមទាំងអាចបញ្ជាលើមន្ត្រីពន្ធនាគារពីថ្នាក់លើដល់ថ្នាក់ក្រោម ឱ្យធ្វើតាមអ្វីដែលពួកគេត្រូវការ ឬមើលរំលងសកម្មភាពខុសច្បាប់ទាំងនោះ។ ជាងនេះទៅទៀត ប្រភពដដែលបានគូសបញ្ជាក់ពីបញ្ហានៃការបណ្តោយឱ្យមានការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងគុករួចមកហើយ ដែលជាហេតុធ្វើឱ្យសាធារណជនចោទសួរជាខ្លាំងអំពីមនសិការ តម្លៃនៃឯកសណ្ឋាន និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំពន្ធនាគារខេត្តប៉ៃលិន។
    បច្ចុប្បន្ន មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម កំពុងតែទាមទារយ៉ាងទទូចឱ្យក្រសួងមហាផ្ទៃ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការស្រាវជ្រាវ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមជនដៃដល់ មន្ត្រីពន្ធនាគារ និងថ្នាក់ដឹកនាំណាដែលពាក់ព័ន្ធ ឬសមគំនិតក្នុងអំពើទារុណកម្មទាំងនេះ ដើម្បីស្តារកិត្តិយស និងសេចក្តីទុកចិត្តលើប្រព័ន្ធយុត្តិធម៌ឡើងវិញ។
    សារព័ត៌មានបានទំនាក់ទំនងតាមលេខទូរសព្ទចំនួនបីដងហើយប៉ុន្តែលោកកូវ គឿត មិនបានលើកទូរសព្ទដើម្បីទំនាក់ទំនងបំភ្លឺនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *