ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំរៀបចំក្រុមការងារ ចុះធ្វើបច្ចុប្បន្នភាពស្ថិតិអតីតយុទ្ធជន និងនិវត្តជននៅមូលដ្ឋាន

បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារសមាគម ស្តីពីការរៀបចំក្រុមការងារចុះធ្វើបច្ចុប្បន្នភាពស្ថិតិអតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន ដែលបានដាក់ពាក្យស្នើសុំការគាំពារ និងអត្ថប្រយោជន៍ផ្សេងៗ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសមាជិក និងក្រុមការងារពាក់ព័ន្ធរបស់សមាគម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់សមាជិក និងក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការចុះតាមមូលដ្ឋាន ដើម្បីស្រង់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគម ព្រមទាំងបន្តពង្រឹងការគ្រប់គ្រងទិន្នន័យឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារ ឱ្យបន្តចុះស្រង់ទិន្នន័យជាក់ស្តែង និងច្បាស់លាស់ ដល់ខ្នងផ្ទះនៅតាមមូលដ្ឋាន ដើម្បីធានាថា ទិន្នន័យដែលប្រមូលបានមានភាពត្រឹមត្រូវ អាចទុកចិត្តបាន និងឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់អតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តមបានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យឱ្យបានត្រឹមត្រូវ គឺជាមូលដ្ឋានសំខាន់ក្នុងការជួយឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចរៀបចំ និងអនុវត្តគោលនយោបាយឧបត្ថម្ភ និងគាំពារជូនអតីតយុទ្ធជន និងនិវត្តជនបានចំគោលដៅ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បានណែនាំឱ្យក្រុមការងារបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសមេឃុំ មេឃុំរង មេភូមិ និងចៅសង្កាត់ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងធានាថា ទិន្នន័យដែលបានស្រង់មិនមានការស្ទួនគ្នា ព្រមទាំងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រង និងផ្តល់ការគាំពារជូនអតីតយុទ្ធជន និងនិវត្តជនបានកាន់តែប្រសើរ៕
អត្ថបទ រឿង ចន្ទ្រា កែសម្រួលអត្ថបទ ជា ភីណា

Leave a Reply

Your email address will not be published. Required fields are marked *