អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន

(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានលេខាធិការដ្ឋាន ព្រមទាំងជាអនុប្រធានប្រចាំការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន។

កិច្ចប្រជុំនេះធ្វើឡើងនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកស្រី ចំរើន ដាណេ អភិបាលស្រុកភ្នំស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេភូមិ និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំមានគោលបំណងពិភាក្សា និងត្រៀមលក្ខណៈសម្រាប់ការរៀបចំពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ឱ្យប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងសមស្របតាមផែនការដែលបានកំណត់។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងយកចិត្តទុកដាក់លើការងាររៀបចំទីតាំង សន្តិសុខ សណ្តាប់ធ្នាប់ ការទទួលបដិសណ្ឋារកិច្ច និងការសម្របសម្រួលផ្សេងៗ ដើម្បីធានាឱ្យពិធីសំណេះសំណាលប្រព្រឹត្តទៅប្រកបដោយភាពកក់ក្តៅ និងមានប្រសិទ្ធភាព។

កិច្ចប្រជុំក៏បានផ្តោតលើការពិនិត្យការងារត្រៀមលក្ខណៈពាក់ព័ន្ធនានា ព្រមទាំងការបែងចែកភារកិច្ចជូនក្រុមការងារ និងអ្នកពាក់ព័ន្ធ ដើម្បីធានាថាការរៀបចំពិធីខាងមុខអាចដំណើរការបានដោយរលូន និងសម្រេចតាមគោលបំណងដែលបានគ្រោងទុក។

ការរៀបចំពិធីសំណេះសំណាលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមូលដ្ឋាន ចំពោះអតីតយុទ្ធជន និវត្តជន និងគ្រួសាររបស់ពួកគេ ព្រមទាំងជំរុញការថែរក្សាទំនាក់ទំនង សាមគ្គីភាព និងការគាំទ្រដល់ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជននៅមូលដ្ឋាន៕
ប្រភព FB ឃ្លោកនួយ
អត្ថបទ ជាភីណា

Leave a Reply

Your email address will not be published. Required fields are marked *