សមត្ថកិច្ចស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃបានសម្រេច ខណៈម្ចាស់កំពុងដេកលក់យ៉ាងស្កប់ស្កល់!

ស្រុកសំពៅលូន,ខេត្តបាត់ដំបង
ក្រោមការយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរក្នុងស្រុកសំពៅលូន កម្លាំងអធិការដ្ឋាននគរបាល ដឹកនាំដោយ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានដាក់បទបញ្ជាហ្មត់ចត់ចុះស្រាវជ្រាវរកមុខសញ្ញាចោរកម្មយ៉ាងសកម្ម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្ទាន់ រួមទាំងវត្ថុតាងទូរសព្ទជាច្រើនគ្រឿង។
ករណីអំពើលួចនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០២ និង ១០នាទីរំលងអធ្រាត្រ នៅចំណុចចម្ការស្វាយ ក្រុមទី៩ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពេលនោះ ជនរងគ្រោះពីរនាក់បានចងអង្រឹងដេកចាំការ និងបានសាកថ្មទូរស័ព្ទទុកក្រោមអង្រឹងរួចក៏ដេកលក់បាត់ទៅ។ លុះស្អែកឡើងម៉ោង ០៦ព្រឹក ភ្ញាក់ឡើងក៏ស្រាប់តែបាត់ទូរស័ព្ទដៃចំនួន ២គ្រឿង រួមមាន៖
IPHONE 12 Pro Max ពណ៌ខ្មៅ ចំនួន ០១គ្រឿង
IPHONE 11 Pro Max ពណ៌ស្លែ ចំនួន ០១គ្រឿង
ប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប៖
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងកំណត់មុខសញ្ញាបានយ៉ាងលឿន។ លុះដល់ម៉ោង ១១ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ន សុភាព ភេទប្រុស អាយុ ៤៧ឆ្នាំ នៅចំណុចកន្លែងកើតហេតុផ្ទាល់តែម្តង។ក្រោយពេលឃាត់ខ្លួន និងសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទទាំង ២គ្រឿងខាងលើពិតប្រាកដមែន។ មិនតែប៉ុណ្ណោះ ជនសង្ស័យរូបនេះក៏បានឆ្លើយសារភាពទៀតថា មុនពេលកើតហេតុនេះ រូបគេក៏ធ្លាប់បានលួចទូរស័ព្ទដៃ ២គ្រឿងផ្សេងទៀត គឺម៉ាក OPPO ១គ្រឿង និងម៉ាក TECNO ១គ្រឿង ដែលបានលួចនៅចំណុចក្នុងរោងចម្ការ ស្ថិតក្នុងភូមិបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈម្ចាស់កំពុងដេកលក់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទូរស័ព្ទដៃសរុបចំនួន ០៤គ្រឿង ត្រូវបានកម្លាំងជំនាញសាងសង់សំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់! 🛡️👮♂️
(អរគុណដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដែលបានខិតខំប្រឹងប្រែងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋយើង!)
