∝

ខេត្តព្រះវិហារ៖ សកម្មភាពជីកកកាយ និងធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់កំពុងកើតមានឡើងយ៉ាងអាណាធិបតេយ្យ និងពេញបន្ទុក នៅចំណុចរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយគ្មានការទប់ស្កាត់ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងការបំផ្លាញធនធានធម្មជាតិ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា សកម្មភាពខុសច្បាប់នេះមានខ្សែបណ្តាញ «អ្នកកាង» ចាំកៀបសង្កត់ប្រមូលលុយ និងជួលទីតាំងធ្វើអាជីវកម្មក្នុងតម្លៃចាប់ពី ២លាន ទៅ ៣លានរៀល ក្នុងមួយកន្លែងសម្រាប់រយៈពេលមួយខែ។
អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ រណ្ដៅរ៉ែជាច្រើនកន្លែងត្រូវបានជីកជម្រៅរហូតដល់ ១០ ទៅ ១៥ម៉ែត្រ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ ឬរបាំងការពារសុវត្ថិភាពឡើយ។ កន្លងមក ទីតាំងនេះធ្លាប់មានករណីប្រជាពលរដ្ឋធ្លាក់ចូលក្នុងរណ្ដៅដ៏ជ្រៅទាំងនេះរហូតដល់បាត់បង់ជីវិតជារឿយៗមកហើយ ប៉ុន្តែបទល្មើសនៅតែបន្តកើតមានយ៉ាងរលូន ដដែល។
ប្រជាពលរដ្ឋបានសម្តែងការហួសចិត្ត និងរះគន់ថា អាជ្ញាធរ និងមន្ត្រីជំនាញក្នុងតំបន់បែរជា «សំងំស្ងាត់ដូចចោរលួចសេះ» មិនព្រមចុះទប់ស្កាត់ ឬមានវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះឡើយ។
ជុំវិញករណីនេះ មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពស្នើសុំអន្តរាគមន៍ផ្ទាល់ពី៖
ឯកឧត្តម កឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ
លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ
មហាជនរង់ចាំមើលថា តើថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត នឹងចាត់កម្លាំងអធិការកិច្ច ចុះស្រាវជ្រាវបង្ក្រាប និងអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមអ្នកកាង និងបុគ្គលពាក់ព័ន្ធយ៉ាងណា ដើម្បីការពារធនធានធម្មជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ?
#អង្គភាពសារព័ត៌មាន #គេហទំព័រនាគមាសញ៉ូស៍ (Neak Meas News)
#ទំនាក់ទំនងផ្តល់ព័ត៌មាន #និងផ្សាយពាណិជ្ជកម្ម៖ 012 642 454 / 097 700 9095
