
នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងសហការី បានអញ្ជើញសួរសុខទុក្ខឯកឧត្តមបណ្ឌិត សាយ បូរី ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសាកសួរដោយយកចិត្តទុកដាក់អំពីស្ថានភាពសុខភាព និងដំណើរការព្យាបាលរបស់ឯកឧត្តមបណ្ឌិត សាយ បូរី ព្រមទាំងបានសម្តែងនូវក្តីនឹករឭក និងផ្តល់កម្លាំងចិត្តដ៏កក់ក្តៅជូនឯកឧត្តមបណ្ឌិត និងក្រុមគ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានជូនពរឯកឧត្តមបណ្ឌិត សាយ បូរី សូមឆាប់បានជាសះស្បើយ មានកម្លាំងកាយមាំមួន កម្លាំងចិត្តរឹងមាំ និងមានសុខភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
