អាជ្ញាធរខេដ្ឋស្ទឹងត្រែង ចុះពិនិត្យ និងសម្រេចបិទសៀលទូររថយន្តកុងតឺន័រចំនួន ១១គ្រឿង សង្ស័យបង្កប់ឧបករណ៍បូមខ្សាច់ ឬបូមមាស ខុសច្បាប់

ខេត្ត​ស្ទឹងត្រែង៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទូច គង្គា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវករណីមិនប្រក្រតីមួយ បន្ទាប់ពីទទួលបានព័ត៌មានពីការដឹកជញ្ជូនទំនិញតាមរថយន្តធំៗចំនួន ១១គ្រឿង ចូលមកក្នុងភូមិសាស្ត្រ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដោយពុំមានប្រភពព័ត៌មាន និងទិន្នន័យច្បាស់លាស់។
​តាមការឆ្លងកាត់ការត្រួតពិនិត្យ ករណីនេះមានការជាប់ពាក់ព័ន្ធនឹងជនជាតិចិនចំនួន ៣នាក់ ដែលបាននាំចូលនូវទំនិញទាំងនោះមក រក្សាទុកក្នុងភូមិសាស្ត្រ ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ។
​ដើម្បីធានាសន្តិសុខ និងភាពស្របច្បាប់ ក្រុមការងារចម្រុះបានសម្រេច៖
​បិទសៀល (Seal) ទូររថយន្តកុងតឺន័រទាំងអស់ជាបណ្តោះអាសន្ន
​កោះហៅតំណាងក្រុមហ៊ុនពាក់ព័ន្ធ មកធ្វើការបំភ្លឺជាផ្លូវការអំពីគោលបំណងពិតប្រាកដនៃការនាំចូល និងរក្សាទុកសម្ភារទាំងនោះក្នុងតំបន់។
​ផ្អែកតាមការពិនិត្យជាក់ស្តែងនៅលើទីតាំង ឧបករណ៍ និងគ្រឿងដែកដែលផ្ទុកនៅក្នុងទូររថយន្តកុងតឺន័រទាំង ១១គ្រឿងនោះ ត្រូវបានគេសង្កេតឃើញថា សុទ្ធសឹងតែជាគ្រឿងដែកបង្គំសម្រាប់រៀបចំធ្វើជា សាឡុងខ្នាតធំ សម្រាប់សកម្មភាពបូមខ្សាច់ ឬបូមមាស។
​បច្ចុប្បន្ន អាជ្ញាធរខេត្តកំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងម៉ត់ចត់ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន៕

Leave a Reply

Your email address will not be published. Required fields are marked *