នគរបាលសេដ្ឋកិច្ចខេត្តរតនគិរី ចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងនៅស្រុកកូនមុំ រឹបអូសឈើគ្រឿងផ្ទះជាច្រើនម៉ែត្រគូប ខណៈមន្ត្រីជំនាញមិនទានវាស់វែង..!!?✍

ខេត្តរតនគិរី៖ កម្លាំងនគរបាលជំនាញផ្នែកសេដ្ឋកិច្ចខេត្តរតនគិរី សហការជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែង ស្ថិតនៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី ដោយបានរឹបអូសឈើប្រភេទគ្រឿងផ្ទះជាច្រើនម៉ែត្រគូប ដើម្បីយកទៅរក្សាទុក និងបន្តនីតិវិធីតាមច្បាប់។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាប្រមាណ ម៉ោង ៣រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការសហការរវាងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំកម្លាំងដោយលោកវរៈសេនីទោ លឹម លេងលីហួ នាយការិយាល័យនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដឹកនាំដោយលោក លី សុផាន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំង និងបានឃើញមានឈើគ្រឿងផ្ទះជាច្រើនដែលត្រូវបានស្តុកទុកនៅទីតាំងខាងលើ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ចបានសម្រេចរឹបអូសឈើទាំងនោះ ដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីរង់ចាំការវាស់វែង និងចាត់ការបន្តតាមនីតិវិធីច្បាប់។តាមព័ត៌មានបឋម ឈើដែលត្រូវបានរឹបអូស មិនទាន់បានធ្វើការវាស់វែងជាក់លាក់នៅឡើយទេ ដូច្នេះចំនួនម៉ែត្រគូបពិតប្រាកដ នឹងត្រូវរង់ចាំការត្រួតពិនិត្យ និងវាស់វែងពីមន្ត្រីជំនាញជាមុនសិន។ដោយឡែក ក្នុងប្រតិបត្តិការនេះ ម្ចាស់ឈើមិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ ខណៈមន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវ និងពិនិត្យលើប្រភពឈើ ឯកសារពាក់ព័ន្ធ និងលក្ខខណ្ឌច្បាប់ ដើម្បីកំណត់វិធានការបន្តឱ្យបានត្រឹមត្រូវ។ឈើដែលរឹបអូសបាន ត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីបន្តនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា។សមត្ថកិច្ចជំនាញបានបន្តយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងបង្ក្រាបសកម្មភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន ស្តុកទុក និងប្រើប្រាស់ផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ឬមិនអនុលោមតាមច្បាប់ ដើម្បីចូលរួមការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងមូលដ្ឋាន។ព័ត៌មានលម្អិតអំពីប្រភេទឈើ បរិមាណជាក់លាក់ និងលទ្ធផលនៃការអនុវត្តនីតិវិធី នឹងត្រូវរង់ចាំការបញ្ជាក់បន្ថែមពីមន្ត្រីជំនាញ៕ ដោយនាគមាស

Leave a Reply

Your email address will not be published. Required fields are marked *