សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះសួរសុខទុក្ខ និងសំណេះសំណាលតាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ

បន្ទាយមានជ័យ: សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ដំណើរអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាននេះ គឺដើម្បីពិនិត្យមើលសុខទុក្ខ ស្ថានភាពរស់នៅជាក់ស្តែង និងនាំយកនូវការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក៏ដូចជាដើម្បីលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ឱ្យរក្សាបាននូវសុទិដ្ឋិនិយម និងភាពរឹងមាំក្នុងកំឡុងពេលដ៏លំបាកនេះ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានដើរចូលសួរសុខទុក្ខដល់គ្រួសារនីមួយៗដោយផ្ទាល់ ព្រមទាំងបានស្តាប់នូវរាល់ការសំណូមពរ និងការលំបាកនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ សម្តេចបានសម្តែងនូវក្តីអាណិតអាសូរយ៉ាងខ្លាំង និងបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ដោយតែងតែគិតគូរជាប្រចាំ និងរកគ្រប់មធ្យោបាយដើម្បីធានាបាននូវសុខសុវត្ថិភាព និងការរស់នៅរបស់បងប្អូន។

ប្រជាពលរដ្ឋភៀសសឹកទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានផ្ទាល់របស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ពួកគាត់ដល់ទីកន្លែង ដែលនេះបង្ហាញពីទឹកចិត្តស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏ស្មោះសរពីសំណាក់ថ្នាក់ដឹកនាំថ្នាក់ជាតិបន្តទៀត៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *